ជនដៃដល់​ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្កិ​៤ បាញ់​ប៉ុនប៉ង​សម្លាញ់​បុរស​ម្នាក់ នៅលើ​ផ្លូវ​៣៧១ នគរបាល​ចាប់​ជនដៃដល់​មិន​ទាន់​បាន​ទេ រយៈពេល ១​ខែ​កន្លង​មក​ហើយ

(​ភ្នំពេញ​) ៖ មហាជន​ច្បាស់​ជា​បានដឹង​ហើយ​អំពី​សំណុំរឿង​ប៉ុនប៉ង​បាញ់សម្លាប់​បុរស​ម្នាក់​ពី​សំណាក់​មន្ដ្រី​នគរបាល​ពាក់​ស័ក្កិ​៤​ម្នាក់​ឈ្មោះ កេត ផា​រ៉ែ​ន នៅ​ចំណុច​ផ្លូវ​៣៧១ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ បើ​គិត​មកដល់​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១​នេះ រយៈពេល​១​ខែ​កន្លង​មក​ហើយ នគរបាល​មិន​ទាន់​តាម​ចាប់ខ្លួន​ជន ដៃដល់​បាន​នៅឡើយ​ទេ ទោះ​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ក៏ដោយ ។​

​មជ្ឈដ្ឋាន​ជាច្រើន​សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​ប៉ូលិស​ស័ក្តិ​៤ កេត ផា​រ៉ែ​ន យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ជួយ​រក​យុត្ដ​ធម៌​ជូន​ដល់​ជូន​រងគ្រោះ ។​

​សូម​ជម្រាប​ជូន​ថា បទល្មើស​បាញ់ នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២​ខណ្ឌមានជ័យ ជាប់​ព្រំប្រទល់ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​ជនរងគ្រោះ​ឈ្មោះ ប៊ុន ស៊ីម អាយុ​៣៩​ឆ្នាំ បញ្ជាក់​ប្រាប់ថា មុនពេល​កើតហេតុ​គាត់​មាន​គ្នា​៤ នាក់ ជិះ​ម៉ូតូ​ចេញពី​ញាំ​អី​នៅ​ម្ដុំ​បឹងត្របែក រួច​បាន​ជូន​មិត្តភក្តិ​មក​ផ្ទះ នៅ​កន្លែងកើតហេតុ​(​ផ្លូវ​៣៧១)​។​

​លុះ​មកដល់​មុខ​ផ្ទះ​មួយ​ភ្លេត ស្រាប់តែ​លេចមុខ​ជនដៃដល់​ដែល​ធ្លាប់​ស្គាល់គ្នា​តែ​មិនសូវ​ជិតស្និត បាន​ចុះ​ពី​លើ​រថយន្ត​មិន​ចាំ​ម៉ាក​ហើយ​ដើរ​ឆ្លងផ្លូវ​មក​សួរនាំ​មិត្តភក្តិ​គាត់ រួច​ក៏​ដើរទៅ​ជិះ​រថយន្ត​របស់​ខ្លួន​វិញ នៅលើ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ហើយ​ជន ដៃដល់ បាន​បើក​កញ្ចក់​រថយន្ត ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មក​លើ​ជនរងគ្រោះ​ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ ចំនួន ២​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ជើង​ខាងស្ដាំ និង មួយ​គ្រាប់​ទៀត​ចំ​ទ្វា​កញ្ចក់​មួយ​ផ្ទាំង​បែកខ្ទេច រួច​ក៏​បើករថយន្ត​គេចខ្លួនបាត់ ។

​ជនរងគ្រោះ​បន្ត​ថា រូបគាត់​ក៏​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ និង លាង​របួស មួយសន្ទុះ​ក្រោយមក​រូប​គាត់​បាន​មក​កន្លែងកើតហេតុ​វិញ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន​ជាច្រើន​ចុះមក​ផ្ដិត​យក​រូបភាព និង Live ទើប​ដឹង​ឮ ដល់​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​បឹងទំពុន​២​និង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ដង្កោ ចុះ​មកដល់​កន្លែងកើតហេតុ ៕