រដ្ឋបាល​ខេត្ត​កំពត​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កំពត​មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី ២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី ៣ ក្រោម​អធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​គណៈ​អភិបាលខេត្ត​ដឹកនាំ​ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ចំណែក​លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​តាមរយៈ​វីដេអូ​អន​ឡា​ញ​។​

​កិច្ចប្រជុំ​សាមញ្ញ លើក​ទី ២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី ៣ នា​ព្រឹក​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​៖
១ -​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២ -​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៣ -​របាយការណ៍​ប្រចាំខែ​ធ្នូ ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ដ​។​
៤ -​របាយការណ៍​ប្រចាំឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ដ​។​
៥ -​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​សាលាខេត្ត ចាប់ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ ២០២០​។​
៦ -​សេចក្តី​ផ្សេងៗ
-​ការចូលរួម​មតិ​របស់​អង្គប្រជុំ​
-​ប្រកាស​ជូន​ព័ត៌មាន​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ ដែល
នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​១០ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ទុរេន​កំពត​។​