ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង ភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតនៅក្នុង​ភូមិ​ដោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព ឯក​ឱ​ត្ត​ម សោម ពិសិដ្ផ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលស្រុក​ដំណាក់​ចង្អើរ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ខាងលើ​។ បើ​តាម​របាយការណ៍រ​បស់ លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល រួមមាន​៖

​ទី​១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​

៣-​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​។​

៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ គឺ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់ ឬ​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ ។​

​និង​ទី​៥-​ការចុះបញ្ជី​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​ក្នុងឱកាស​នោះ​ដែរ ឯក​ឱ​ត្ត​ម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា​ការផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ពិសេស​ការជូនដំណឹង​ជា​សាធារណៈ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដោយ​ផ្សព្វផ្សាយ​តាមរយៈ វុទ្យុ ទូរទស្សន៍ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ក្បាលដី​ដែល​មាន​ទីលំនៅ​ឆ្ងាយ​បាន​ជ្រាប និង​មក​ចង្អុលបង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ឯកសារ​ចាំបាច់​ដល់​មន្ត្រី​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​កែប បាន​បញ្ជាក់បន្ថែម ដោយ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​នៅក្នុង​ភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទាំងអស់​មេត្តា​ចូលរួម​ពិនិត្យ​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​(​រាប់​ទាំង​ថ្ងៃ​ឈប់សំរាក​)​ដែល​មាន​ទីតាំង នៅក្នុង​បរិវេន​វត្ត​អំពេ​ង ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ ក្នុងករណី​ពិនិត្យឃើញថា ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ពុំ​មាន​ភាពជាក់លាក់ ឬ​មិន​ពេញលេញ មិន​គ្រប់គ្រាន់ សាធារណៈ​ជន​ទាំង​អស់ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​សិទ្ធិ​សុំ​មន្ត្រី​ជំនាញ​ជួយ​បំភ្លឺ​លើ​ខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នោះ​។​

​ដោយឡែក នៅ​ចុង​ក្រោយ ឯក​ឱ​ត្ត​ម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​បន្ថែមទៀត​ដោយ​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​អោយបាន​គ្រប់ៗ​គ្នា​ក្នុង​ការចូលរួម​ទប់ស្កាត់​និង​ការពារ​នៃ​ជំងឺ​ឆ្លងកូវិត​-១៩​អោយបាន​គ្រប់​គ្នាៗ ៕