​បើកឡាន​ឡើង​កន្លែង​លាង គ្មាន​ការប្រុងប្រយ័ត្ន​ជ្រុលជើង​ជា​ន់ហ្គា​ឆ្ពោះទៅបុក​ជញ្ជាំងរបង សង​គេ​អស់​រាប់​រយ​ដុល្លារ

​ខេត្ត​កំពង់ឆ្នាំង​៖ បុរស​ជា​មន្ត្រីរាជការ​ម្នាក់​ចូល​លាង​រថយន្ត​បាន​ស៊យ​ទាំង​ព្រឹក ដោយសារ​តែ​ទើប​និង​ចេះ​បើករថយន្ត​ជ្រើលៗ គឺ​ពេល​យក​រថយន្ត​មក​លាង បាន​បើករថយន្ត​ឡើង​លើ​ខឿន​លាង​រថយន្ត ពេល​ត្រូវ​ឈប់​បាន​ច្រឡំ​ជាន់​ហ្គារ​បន្ថែម បណ្តាលអោយ​រថយន្ត​ស្ទុះ​ទៅបុក​ជញ្ជាំង​របង​ថ្ម​ផ្ទះ​របស់​គេ​បាក់​អស់​ប្រមាណ​២​ម៉ែត្រការ៉េ លាន់​ឮ​ដូច​ផ្ទុះ​គ្រាប់បែក​ផ្អើល​គេ​ទាំង​ព្រឹក នៅ​ថ្ងៃ​ទី 26 ខែ​មិថុនា​ឆ្នាំ 2020​វេលា​ម៉ោង 9 និង 15 នាទី ។

​ហេតុ​ការ​ខាងលើ​នេះ​បាន​កើតឡើង នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង​នៅ​មុខ​ហាង​កាហ្វេ​បុរី ខ្លះ​ហៅ​ហាង​ការ​ហ្វេ​បឹង​កំប្លោក ដែល​ស្ថិតនៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​នៅក្នុង​មូលដ្ឋាន ដែល​បាន​ចុះ​ទៅ​សម្របសម្រួល​គ្រោះថ្នាក់​ខាងលើនេះ​បានអោយដឹងថា ៖ រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើនេះ​ម៉ាក​កូរ៉ូឡា​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT. 0996 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​មន្ត្រីរាជការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ចូលនិវត្តន៍ មាន​ទីលំនៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។​

​នៅ​មុនពេល​កើតហេតុ បុរស​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​មក​លាង នៅ​កន្លែង​លាង​រថយន្ត​ខាងលើ ប៉ុន្តែ​គេ​ដឹងថា ដោយសារ​គាត់​ទើប​តែ​ចេះ​បើកបរ​រថយន្ត​ជ្រើលៗ ដែល​កូន​គាត់​បាន​ទិញ​រថយន្ត​ថ្មី​ឲ្យ​ជិះ ហើយ​អោយ​រថយន្ត​កូរ៉ូឡា​នេះ​មក​គាត់ ពេល​គាត់​បើក​រថយន្ត​ឡើង​លើ​ខឿន​លាង​រថយន្ត គឺ​ពេល​ត្រូវ​ជាន់​ហ្វាំង​ឈប់ មិន​ជាន់​ហ្វាំង​ទេ បែរ​ជា​គាត់​ច្រឡំ​ជាន់​ហ្គារ​បន្ថែម ធ្វើអោយ​រថយន្ត​ស្ទុះ​ទៅបុក​ជញ្ជាំង​របង​ផ្ទះ​អ្នកលក់​បុក​លាន់ឮ​ក្ឌាំង​ដូច​ផ្ទុះ​គ្រាប់បែក​ផ្អើល​អ្នក​ផឹក​កាហ្វេ​ពេញ​ហាង​បុរី​ទាំង​ព្រឹក ។

​ករណីនេះ​បណ្តាល​អោយ​របង​ថ្ម​ប្រមាណ​២​ម៉ែត្រការ៉េ​បាក់​ធ្លុះធ្លាយ និង​សំណាង​ដែរ​ក្នុង​ពេល​នោះ​កង់​រថយន្ត​ខាងមុខ​បាន​កល់​ជាប់​នឹង​ធ្នឹម​សសរខឿន​លាង​រថយន្ត​ទៅមុខ​លែងរួច កុំ​អី​ម៉ា​ល្បឿន​នេះ​រថយន្ត​នោះ អាច​នឹង​ធ្លាយ​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​អ្នកលក់​បុកល្ហុង​ថែម​ទៀត នឹង​បើ កម្មករ​លាង​រថយន្ត​នៅ​ស៊ីញ៉ូ​រថយន្ត​ចំ​ពីមុខ​វិញ ក៏​អាច​ត្រូវ​រថយន្ត​នេះ​បុក​ស្លាប់​ផង​ក៏​មិនដឹង ។​
ករណី​នេះ​ក្រោយពេល​កើតហេតុ​ភ្លាមៗ​គេ​ឃើញ​ម្ចាស់​កន្លែង​លាង​រថយន្ត​បាន​ហៅ​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍​អោយមក​ជួយ​សម្របសម្រួល ជាមួយ​ម្ចាស់​របង​ផ្ទះ និង​ម្ចាស់​កន្លែ ង​លាង​រថយន្ត ដោយ​ត្រូវតែ​សង​ថ្លៃ​របង​ថ្ម​គេ​មិនតិច​ជាង​១០០​ដុល្លារ​នោះ​ឡើយ ។ បន្ទាប់មក​ទើប​ឃើញ​មាន​រថយន្តស្ទូច មក​ស្ទូច​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើនេះ ចេញពី​កន្លែងកើតហេតុ​អស់​លុយ​ប្រមាណ​១០០​ដុល្លារ​ទៀត ដើម្បី​យក​រថយន្ត​នេះ​ចេញ​ទៅ​ជួសជុល ចំណែក​រថយន្ត​នោះ​ក៏​រង​ការ​ខូច​បាក់​កាង​មុខ​ផង​ដែរ ៕