​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​កម្មករ កម្ម​ការ​នី រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣២ នាក់​ដែល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​

​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ដឹកនាំ​ដោយ ឯកឧត្តម ឧ​កញ្ញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កម្មករ កម្មការិនី ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣២ នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ង​អ្នក​លឿង​។​

​នា​ឱកាស​នោះ ឯកឧត្តម ឧកញ៉ា បាន​ពាំនាំ​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណ​:​កម្មា​ធិកា​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​សោកស្ដាយ​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ដែល​ទទួល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឱ្យ​មាន​រងរ​បួស ធ្ងន់ ស្រាល និង​បាត់បង់​អាយុជីវិត​ដល់​កម្មករ​កម្ម​ការ​នី​ចំនួន ២ នាក់​នោះ​ផងដែ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលឲ្យ​រងគ្រោះ​ចំនួន ៣៨ នាក់ ក្នុងនោះ​គឺ​បាន​ស្លាប់​ចំនួន ២ នាក់ និង​រង​របួសធ្ងន់​ចំនួន ៤ នាក់ បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឯ​ទីក្រុង​ភ្នំពេញ និង​រង​របួសស្រាល​ចំនួន ៣២ នាក់ បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​។​

​នៅក្នុង​ចំណោម​កម្មករ​កម្មការិនី​ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៣៨ នាក់ គឺ​មាន​ចំនួន​ពីរ​ស្រុក​គឺ​នៅ​ស្រុក​ព្រះស្ដេច​មាន​ចំនួន ២៣ នាក់ ស្លាប់ ២ នាក់ រ​បូស​ធ្ងន់ ៣ នាក់ និង​នៅ​ស្រុក​ពាម​រក៍​ចំនួន ១៥ នាក់ រ​បូស​ធ្ងន់ ១ នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិ​ពោ​មៀវ (​ចន្លោះ​គីឡូ​ម៉ែត​៤៨ និង​៤៩) ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​រវាង​រថ​យន្ត​ដឹក​កម្មករ និង​រថយន្ត​បែន​។​

​ចំពោះ​សម្ភារៈ​ដែល​ផ្ដល់ជូន​នោះ​ក្នុង​ម្នាក់ៗ​ទ​ទូល​បាន​ទឹកដោះគោឆៅ ២ យួរ ស្ករស ១​គី​ឡូ អាវ​៥ និង​ថវិកា ១០​ម៉ឺន​រៀល​៕