​ឯកឧត្តម អភិបាលខេត្ត ចុះ​ពិនិត្យ និង​ជំរុញ​អោយ​ពលរដ្ឋ​បង្កើន​ការដាំដុះ ចិញ្ចឹមសត្វ និង​ទេសចរណ៍​ក្នុងស្រុក ដើម្បី​បង្កើត​ប្រាក់ចំណូល និង​បំពេញ​តម្រូវការ​ក្នុងស្រុក​

ក្នុង​ដំណើរ​ចុះ​បំពេញ​បេសកកម្ម​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ ស្រុក​បន្ទាយស្រី កាល​ពី​ថ្ង​ទី​២៥ ខែ មិថុនា ឆ្នាំ​២០២០ អមដំណើរ​ដោយ អស់លោក លោកស្រី ជា​នាយក នាយករង​រដ្ឋបាល ខេត្ត នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ស្រុក មន្ត្រីរាជការ មេឃុំ​ផងដែរ​។​

​ក្នុង​ដំណើរ​ចុះ​បំពេញ​បេសកកម្ម​នេះ​ឯកឧត្តម ទៀ សីហា រួម​ទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ប្រជា​សហគម​ធ្វើ​នំ​បញ្ចុក​ប្រកបដោយ​ភាព​អនាម័យ សុខភាព នៅក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ព្រមទាំង​បាន​ពិសារ​នំ​បញ្ចុក​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​អង្គរ​ទៀតផង ។ បន្ត​មក​គណៈប្រតិភូ​ក៏​បាន ចុះ​ត្រួតពិនិត្យ​មើល​ការងារ​កសិកម្ម និង​ការ​ចិញ្ចឹម​មាន់​ដែល​អាជ្ញាធរ ស្រុក​បាន​ធ្វើស្រែ​បង្ហាញ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះ​ដាក់​នេះ​ផង​ដែរ ។

​ឯកឧត្តម ទៀ សីហា ក៏​បាន​កោតសរសើ​ររ​បស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាប់​យក​នូវ​មុខ​របប​ធ្វើ​នំ​បញ្ចុក​ជា​អាជីព​ប្រចាំ​គ្រួសារ បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​ក្នុង​ក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរង​ផលប៉ះពាល់​នៃ​ការធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍ ដោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ។ ឯកឧត្តម​ក៏​បាន​ធ្វើការ ណែនាំ​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់ ដោយ​បាន​បញ្ជាក់ថា ទោះបី​បងប្អូន​មិន​បាន​ទទួល​នូវ​ចំណូល​ពី​វិស័យ​ទេសចរណ៍ ក្នុង​ពេល​ជួប​នូវ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​ក៏ពិតមែន តែ​បងប្អូន​មាន​ដីស្រែ​ធ្វើ​ការបង្កបង្កើន​ផល ដើម្បី​ក្នុង​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ ប្រសើរ​ជាង​អ្នក​ដែល​គ្មាន​ដី​បង្កបង្កើន​ផល ។ ម្យ៉ាង​ទៀត​លើ​ការងារ​បង្កបង្កើនផល សូមឲ្យ​បងប្អូន​គោរព​ទៅតាម​បច្ចេកទេស របស់​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម​ដែល​បាន​ណែនាំ ដើម្បី​ធានា​នូវ​គុណភាព​ដីស្រែ​កុំឲ្យ​រីក​រឹល ដីស្រែ​សោះ​ជីវជាតិ ដែល​នាំឲ្យ ទ​ន្និ​ផល​ស្រូវ​មាន​ការធ្លាក់ចុះ ព្រមទាំង​ធ្វើឲ្យ​ដំណាំ​ស្រូវ​មិន​លូតលាស់​បានល្អ ដោយ​ការប្រើប្រាស់​ជីគីមី​លើស​កំណត់ និង ខុស​បច្ចេកទេស​របស់​កសិកម្ម​។

​ដើម្បី​ឲ្យ​បងប្អូន​ប្រជា​កសិករ​មាន​ភាពជឿជាក់ ក្នុង​ការបង្កើន​នូវមុខរ​បប​របស់​ខ្លួន​លើ​ការ​ចិញ្ចឹម​មាន់​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន​ចំពោះ លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ឲ្យ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​រក​នូវ​ទីផ្សារ​ជូន​ដល់​បងប្អូន​ប្រជាកសិករ នូវ​គ្រប់​មុខ កសិផល​ដែល​បងប្អូន​ផលិត​បាន​៕