លោក ដូ ណាល់​ត្រាំ សន្យាថា​នឹង​ប្រយុទ្ធ​ជានិច្ច​និង​ជូនពរ​ដល់​រដ្ឋបាលរ​បស់​លោកចូ​បៃ​ដិ​ន ជោគជ័យ ក្នុង​ការងារ​និង​សំណាង​ល្អ​ជា​និច្ច​

​អាមេរិក ៖ លោក ដូ ណាល់​ត្រាំ បាន​សន្យា​អំឡុងពេល​ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក​ថា​នឹង​ប្រយុទ្ធ​ជានិច្ច​និង​ជូនពរ​ដល់​រដ្ឋបាលរ​បស់​លោកចូ​បៃ​ដិន​ជោគជ័យ​ក្នុង​ការងារ​និង​សំណាង​ល្អ​ជា​និច្ច​។​

​ថ្លែង​ទៅ​កាន់​ក្រុមគ្រួសារ​និង​បុគ្គលិក​របស់​លោក ប្រធានាធិបតី​ផុត​អាណត្តិ​រូបនេះ​បាន​និយាយថា អ្នក​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​…​នេះ​គឺជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ ។ ជាមួយគ្នានេះ លោក ត្រាំ បាន​គូសបញ្ជាក់ថា វា​គឺជា​កិត្តិយស​និង​ឯកសិទ្ធិ​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ជា​ប្រធានាធិបតី​របស់​អ្នក​…​ខ្ញុំ​នឹង​តស៊ូ​ដើម្បី​អ្នក​…​ខ្ញុំ​នឹង​មើល​ខ្ញុំ​នឹង​ស្តាប់​ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​អនាគត​នៃ​ប្រទេស​នេះ​មិន​ដែល​ប្រសើរ​ជាង​នេះ​ទេ​។​

​លោក​ត្រាំ​បាន​និយាយទៀតថា ខ្ញុំ​សូម​ជូនពរ​ឲ្យ​រដ្ឋបាល​ថ្មី​មាន​សំណាង​ល្អ និង​ទទួលបាន​ជោគជ័យ​… ខ្ញុំ​គិតថា ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​… ពួកគេ​មាន​មូលដ្ឋានគ្រឹះ ដើម្បី​ធ្វើ​អ្វីមួយ​ដែល​ពិតជា​អស្ចារ្យ​ណាស់ ។​

​មន្ត្រី​រដ្ឋបាល​របស់​លោក​ដូណាល់​ត្រាំ​ម្នាក់​បាន​និយាយថា លោក​ប្រធានាធិបតី​ត្រាំ ពិតជា​បាន​បន្សល់ទុក​លិខិត​មួយ​សម្រាប់​ជូន​អ្នក​ស្នង​តំណែង​របស់​លោក គឺ​លោក ចូ បៃ​ដិន នៅក្នុង​ការិយាល័យ​ប្រធានាធិបតី ដោយ​អនុវត្ត​យ៉ាងហោច​ណាស់​នូវ​ប្រពៃណី​មួយ​នៃ​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ភ្លាមៗ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​រូបនេះ​បាន​សរសេរ​អ្វីខ្លះ​សម្រាប់​លោកចូ​បៃ​ដិន​ឡើយ​។​

​ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា បាន​ឡើង​យន្តហោះ​ពិសេស Air Force One ដើម្បី​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ឆ្ពោះទៅ​កាន់​រដ្ឋ​ផ្ល័​រ​រី​ដា បន្ទាប់​ពី​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​ជា​ចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ​របស់លោក ៕