រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ដែល​ជា​អាណាព្យាបាល​ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​កូនចៅ នៅ​ក្នុង​ការគោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​អត្រា​រងគ្រោះ និង​មរណៈ​នៅលើ​ដងផ្លូវ !

​ដោយ​៖​ឡុង សំបូរ​
​ខេត្ត​ព្រះវិហារ​៖ ប្រសាសន៍​ដាស់តឿន​របស់ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី មឹន មាណ​វី បាន​ថ្លែង ក្នុង​គ្រា​ដែល​លោកស្រី បាន​អញ្ជើញ​ជា​គណៈអធិបតី នៅក្នុង​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​ក្រោម​ប្រធានបទ «​សុវត្ថិភាព​ចរាចរ​ផ្តើមចេញ​ពី​ខ្ញុំ​»​។​

​នៅក្នុង​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​២៦​មិថុនា​ឆ្នាំ​២០២០​នេះ បាន​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរង​ខេត្ត​ព្រះវិហារ លោក គោ​ស៊ុំ ប៊ុន​សឿត មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង និង​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​រវៀង ដ៏​ច្រើន​កុះករ​ផង​ដែរ​។​
​ ​
​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក​ហោ គឹម​ឡុង បា​អោយដឹងថា ដើម្បី​ឆ្លើយតប​ទៅ នឹង​សកម្មភាព​ទាំង​៨​ចំណុច របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក មន្ទីរ ក៏​ដូច​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត បាន​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដល់​មន្ត្រីរាជកា​រកង​កម្លាំងប្រដាប់អាវុធ​ទាំង​បី លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត បាន​ចែក​សៀវភៅ​ច្បាប់​និង​ខិត្តប័ណ្ណ ផ្ទាំង​រូប​សុវត្ថិភាព​ចរាចរណ៍ នៅតាម​ទីសាធារណៈ ថែមទាំង​បាន​ចែក​មួកសុវត្ថិភាព​ជិត​២​ពាន់​មួក ដោយ​ឥតគិតថ្លៃ ក្នុង​គោលបំណង​កាត​បន្ថយ​គ្រោះថ្នាក់​ចរាចរ​អោយនៅ​កម្រិត​ទាប​បំផុត ។ លោក​ថា សម្រាប់​ថ្ងៃ​នេះ មន្ទីរ​បាន​ចែក​មួកសុវត្ថិភាព​ចំនួន ១៤០​មួក ចែក​សៀវភៅ​ច្បាប់​ខិត្តប័ណ្ណ និង​ផ្ទាំង​រូប​សុវត្ថិភាព​ចរាច​រណ៍ នៅតាម​ទីសាធារណៈ ជូន​អ្នកចូលរួម​ទាំងអស់ ថែមទៀត​ផង​។​
​អភិបាលរង​ខេត្ត​ព្រះវិហារ លោក គោ​ស៊ុំ ប៊ុន​សឿត បាន​មានប្រសាសន៍ថា ក្នុងនាម​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត សូម​សំណូមពរ​ដល់​បងប្អូន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ឲ្យ​ថយ​មក​នៅ​កម្រិត​ទាប​បំផុត និង​ដើម្បី​ធានា​នូវ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​ផងដែរ​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី មឹន មាណ​វី បាន​មានប្រសាសន៍​ក្រើនរំលឹក ដល់​ឪពុកម្តាយ​ដែល​ជា​អាណាព្យាបាល​កូនចៅ​ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន ពេល​បើកបរ​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព ពេល​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់ ពិនិត្យ​យានយន្ត​អោយបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង សូម​កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​សូម​កុំ​និយាយ​ទូរស័ព្ទ​នៅក្នុង​ពេល​បើកបរ ជាដើម​។​ល​។ កត្តា​ទាំងអស់​នេះ​ហើយ ដែល​លោកឪពុក អ្នក​ម្តាយ ត្រូវ​អប់រំ​ដល់​កូន​ចៅប្រុស​ស្រី​គ្រប់រូប អោយ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ការកំណត់ នៃ​ច្បាប់ ។​

​លោកស្រី រដ្ឋលេខាធិការ​ក្រសួង បាន​មានប្រសាសន៍ថា នៅ​ពេល​ថ្មី​កន្លងមកនេះ មានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ប្រទេស គឺ​ក្នុង​គោលបំណង​តែមួយគត់ ចង់​ដាស់​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ អោយ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​បញ្ជៀ​ស​បាន​ពី​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលអោយ​រង​ពិការភាព ការបាត់បង់​ជីវិត ឪពុក ម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី ។​ល​។ និង​។​ល​។ ដូច្នេះ គ្មាន​អ្វី​ដែល​ប្រសើរ​ជាង ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ អោយបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា​នោះ​ឡើយ ដែល​ជា​ការកាត់បន្ថយ​បាន នៅ​អត្រា​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បញ្ចប់​ការរង​ទុក្ខសោក​នៅលើ​ដងផ្លូវ​៕