​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ចុះបង្ក្រាប​រោង​ស្តុក លក់ និង​ចែកចាយ​ផល អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​មួយកន្លែង រឹបអូស​ឈើប្រណិត ឈើ​កែច្នៃ​ច្រើន​ម៉ែត្រគូប និង​ឧបករណ៍​កែច្នៃ​ឈើ​ជាច្រើន​គ្រឿង យក​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ !

ខេត្ត​ព្រះវិហារ​៖ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក វុ​ធ សា​វី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត និង​មន្ត្រី​មូលដ្ឋាន ចុះបង្ក្រាប​រោ​ស្តុក​ឈើ លក់ និង​ចែកចាយ​ផល អនុផល​ព្រៃឈើ ដ៏​ធំ​មួយកន្លែង ហើយ​ឈាន​ទៅ​រឹបអូស​ឈើប្រណិត និង​ឈើ​កែច្នៃ​ជាច្រើន​ម៉ែត្រគូប រួម​ទាំង​ឧបករណ៍​កែច្នៃ​ឈើ​ជាច្រើន​ប្រភេទ និង​ច្រើន​គ្រឿង មានតម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​។ ប្រតិការ​នោះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៧​កុម្ភះ​ឆ្នាំ​២០២១ នៅ​ជិត​រង្វង់​មូល​ស្រអែម ស្ថិតក្នុង​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ។​

​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក វុ​ធ សា​វី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ក្រោយ​ទទួលបាន​បទបញ្ជា​ពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ នោះមក លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ មន្ត្រី​ព្រៃឈើ​ផ្នែក​ជាំ​ក្សាន្ត សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត និង​មន្ត្រី​ជាច្រើន​ទៀត ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ លក់ និង​ចែកចាយ​ផល​-​អនុផល​ព្រៃឈើ ដោយ​ខុសច្បាប់ ដ៏​ធំ​មួយកន្លែង ហើយ​បាន​ឈាន​ទៅ​ដកហូត​វត្ថុតាង ឈើប្រណិត​ប្រភេទ​បេង ធ្នង់ ឈើ​កែច្នៃ​បាន​ជា​ច្រើន​ម៉ែត្រគូប និង​សម្ភារៈ​កែច្នៃ​ឈើ​ជាច្រើន​ប្រភេទ​ទៀត ផងដែរ​។

​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា វត្ថុតាង​ដែល​ដកហូត​បាន​នៅពេលនេះ នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ខណៈ​នេះ មន្ត្រី​ជំនាញ​ព្រៃឈើ កំពុង​ធ្វើ​ការដឹកជញ្ជូន​យកទៅ​រក្សាទុក នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ខេត្ត​ព្រះវិហារ ចាត់ការ​តាមច្បាប់​។ លោក​ព្រះរាជអាជ្ញារង​ខេត្ត បាន​បញ្ជាក់ទៀតថា លោក​នឹង​ធ្វើ​ការបង្ក្រាប​ដោយ​មិន​លើកលែង​ជា​ដាច់ខាត ចំពោះ​ការបើក​កន្លែង​រកស៊ី​ដោយ​ល្មើស​នឹង​ច្បាប់​ហាមឃាត់ រីឯ​ការបង្ក្រាប​នោះ គឺ​នឹង​ធ្វើឡើង​ចំពោះ​ជន​ណា ដែល​នៅតែ​មិន​ព្រម​អនុវត្ត​តាម​ការកំណត់​ដោយ​ច្បាប់ មិន​ចំពោះតែ​បទល្មើស​ព្រៃឈើ​នោះ​ទេ អ្នកប្រព្រឹត្ត​ល្បែងស៊ីសង ក៏​ត្រូវតែ​ចាត់វិធានការ​ផ្លូវច្បាប់ ឲ្យខាងតែបាន​។​

​គួរបញ្ជាក់​ថា នៅ​រយៈកាល​កន្លងមក លោក​ព្រះរាជអាជ្ញារង​ខេត្ត វុ​ធ សា​វី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត និង​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន ចុះបង្ក្រាប​រោង​សិប្បកម្ម​គ្មាន​ច្បាប់ បាន​ជា​ច្រើន​ទីតាំង រឹបអូស​ឈើ​បាន​ជា​ច្រើន​ម៉ែត្រគូប និង​បង្ក្រាប​ល្បែងស៊ីសង បៀ​រ កន្ទុយលេខ និង​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ល្បែងស៊ីសង ដាក់ពន្ធនាគារ​ខេត្ត រួចមកហើយ​ដែរ​៕