
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រកាសច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងស្រុងនៅក្នុងបណ្តាញសង្គម
លោកជំទាវបានបញ្ជាក់ថា រហូតមកទល់ថ្ងៃនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់បានចាក់វ៉ាក់សាំងនៅឡើយទេនិងស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ការបញ្ជាក់របស់លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលដែលបានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយបានផ្សព្វផ្សាយក្នុងចេតនាបំពុលសង្គមថា មរណះភាពរបស់អ្នកគ្រូបង្រៀនឈ្មោះ ឆន ណារី ភេទស្រី អាយុ២១ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យស្នួល បច្ចុប្បន្ននៅភូមិ ជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលទទួលមរណះភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែចាក់វ៉ាក់សាំងការពារជម្ងឺជម្ងឺ19។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបញ្ជាក់ថា មកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 នោះឡើយ។
ព័ត៌មានក្លែងក្លាយដែលម្ចាស់គណនីហ្វេសប៊ុកមានចេតនាទុច្ចរិតបង្កភាពចលាចលសង្គមនៅកម្ពុជា ក្នុងគោលដៅបន្សាបកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងបង្ហាញអំពីគោលបំណងបំបែកបំបាក់ទំនាក់ទំនងអន្តរជាតិដ៏រឹងរវាងកម្ពុជា-ចិន។
អាជ្ញាធរខេត្តក្រចេះ និងស្រុកព្រែកប្រសព្វនៅថ្ងៃទី១៨ ខែកុម្ភះ បានចុះ សួរសុខទុក្ខដល់ក្រុមគ្រួសារសពរបស់អ្នកគ្រូបង្រៀនដល់លំនៅឋាននៅភូមិ ជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ស្ត្រីឈ្មោះអួន គឹមយ៉ុន អាយុ៣៨ឆ្នាំ ជាម្តាយបានរៀបរាប់ប្រាប់អំពីស្ថានភាពជម្ងឺរបស់កូនស្រីគាត់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កូនស្រីរបស់គាត់មានអការក្ដៅខ្លួនឈឺក្បាលនិងក៏បាននាំទៅមណ្ឌលសុខភាពចំបក់ ស្រុកព្រែកប្រសព្វ រួចក៏បញ្ជូនព្យាបាលបន្តនៅពេទ្យកំពង់ចាមនិងបញ្ជូនបន្តមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ស្ត្រីជាម្តាយនិយាយថា គ្រូពេទ្យពិនិត្យឃើញថាជាជម្ងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ហើយបន្តព្យាបាលនៅទីនោះអស់រយៈពេល១៧ថ្ងៃ រហូតថ្ងៃទី១៦ ខែកុម្ភះ កូនស្រីរបស់គាត់បានទទួលមរណះភាពនៅក្នុងមន្ទីពេទ្យ។
ម្តាយបានបញ្ជាក់បន្ថែមថា៖ កូនខ្លួនមិនបានចាក់វ៉ាក់សាំង covid-19 ស៊ីណូហ្វាម នោះទេ គាត់សូមថ្កោលទោស និងសូមអោយសមត្ថកិច្ចអនុវត្តតាមវិធានច្បាប់ដល់ជនទាំងឡាយណាដែលយក រូបសពកូនគាត់ទៅបំផុសបំផុលខុសពីការពិតធ្វើអោយចលាចលពេញសង្គម ៕