ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​មូលហេតុ និង​ខ្លឹមសារ​នៃ​មាត្រា​ទាំង​១៤ ដែល​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​អង្គការ​សង្គម​ស៊ីវិល​

ទីស្តីការ​ក្រសួង​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បីស​ម្រ​ប​សម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​សមាជិក​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ចំនួន​ប្រមាណ​ជាង​២០​រូប ដែល​ជា​តំណាង​ក្រសួង​ស្ថាន​ប័ន​ពាក់ព័ន្ធ ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​អំពី​មូលហេតុ និង​ខ្លឹមសារ​នៃ​មាត្រា​ទាំង​១៤ ដែល​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​អង្គការ​សង្គម​ស៊ីវិល​។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើការ​ពិនិត្យ​ពិភាក្សា​ដោយ​ផ្តោត​សំខាន់​លើ​ខ្លឹមសារ​ដែល​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជាតិ លិខិតុបករណ៍​អន្តរជាតិ និង​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា ព្រមទាំង​ការអនុវត្ត​ជាក់ស្តែង​ជា​ពេលកន្លងមក ដើម្បី​ធានា​ឲ្យមាន​សង្គត​ភាព​ក្នុង​ការអនុវត្ត​ច្បាប់​នេះ​ឲ្យស្រប​តាម​ការវិវត្ត​របស់​សង្គម​កម្ពុជា ជាពិសេស​ក្នុង​គោលបំណង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ ៕