​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ធ្វើ​ទិវា​សុខភាព​មាតា​ទារក និង​កុមារ ២១​កុម្ភៈ នៅ​មណ្ឌល​សុខភាព​ព្រៃគ្រី

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី 17 ខែ​កុម្ភៈ​ឆ្នាំ 2021 នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ នៅ​មណ្ឌល​សុខភាព​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម អម សុភា ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត កំពង់ឆ្នាំង​។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម អម សុភា ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា ទិវា​ជាតិ​សុខភាព​មាតា ទារក​និង​កុមារ នេះ​ធ្វើឡើង ក្នុង​គោលបំណង​លើកកម្ពស់ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ ដើម្បី​គាំទ្រ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គ ការ​សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈាន​ទៅ​សម្រេច​បាន​គោលដៅ កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ ការស្លាប់​របស់​ទារក​ទើប​នឹង​កើត និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម បាន​គូស​បញ្ចាក់​អោយដឹងទៀតថា ក្នុង​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល បាន​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ឱ្យ​ទទួលបាន​នូវ​ការឧបត្ថម្ភ​ជីវភាព​រស់នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​មាន​ការយាយី​រាតត្បាត​ដោយកូវី​ដ ១៩ ។ ហើយ​គោលនយោបាយ​គាំពារ​សង្គម ក៍​បាន​ពង្រឹង​និង​បន្ត​ជួយ​ដល់​ស្ត្រី ជាក​ម្មការ​នី​ឲ្យទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការថែទាំ​សុខភាព និង​តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កូន​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌​។

​ឯកឧត្តម បានអោយដឹង​ទៀត​ថា តាម​ការអំពាវនាវរ​បស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត
​ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ឲ្យ​មាតាៗ​គ្រប់រូប​សំខាន់​ស្ត្រី​មានគភ៌​ទាំងអស់ ត្រូវ​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឬ ឆ្មប​ជំនាញ​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់​ខ្លួន​។ ព្រម​ទាំង​ទៅ​សម្រាលកូន​នៅតាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ ។​

​សូម​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ជា​មាតា​ទាំងអស់​ត្រូវ អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធានការ ការពារ​ខ្លួន ដែល​រាជរដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល​បាន​ផ្សព្វផ្សាយ​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។ ដូចជា​ពាក់​ម៉ាស់ លាងដៃ គំលាត​សុវត្ថិភាព និង​រស់នៅ​តាម​របៀប​គន្លង ថ្មី​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ដើម្បី​ចូលរួម​អបអរសាទ ទិវា​សុខភាព​មាតា​ទារក​និង​កុមារ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​ចែក​អំណោយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង ស្ត្រី​ទើប​សម្រាលកូន ចំនួន​៥៨​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួល បាន​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត ឈុត​អាវ​កូនក្មេង ស្រោមដៃ ស្រោម​ជើង មួក សាប៊ូ​និង កន្សែងពោះគោ ព្រមទាំង ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ ៕